មេឃរដូវរំហើយ

សម្លឹងមើលមេឃខៀវស្រងាត់      ពពករសាត់​សក្បុសឆ្ងាយ

កុកហើរទាំងហ្វូងទៅគ្មានស្ដាយ      ចោលកុកឯនាយ​ហើរ​ឯកា។

ស្រូវទុំច្រូតអស់សល់តែស្រែ          ជញ្ជ្រាំងហូរហែ​នៅត្រៀបត្រា

ក្មេង​រត់ឮប្រោកប្រាវសង្ហារ            នៅលើវេហាស៍​ខ្លែងហោះជាក់។

សំណើច​សប្បាយលាន់ចេចចាច   ខ្លះរត់ប្រសាច​រើសខ្លែងធ្លាក់

ខ្លះសម្លឹងមេឃ​ដោយ​ជឿជាក់        ខ្លែង​ហោះឥតទាក់​ត្បិត​វាយោ។

ខ្យល់​បក់​សូរវូ​ដូចសំណើច             ក្មេងរត់​ហើយ​សើច​សប្បាយ​ហោរ

ខ្លះ​សប្បាយពេក​ភ្លេច​មើលគោ        រសៀលទន់ទោរ​គោទៅមុន។

សូរយាទន់ទាប​បន្ទាប​កាយ             ចិត្ត​នៅ​សោកស្តាយ​ចង់គយគន់

ផ្ទៃមេឃ​មាន​ខ្លែង​ស្រស់​ពេកពន់       បន់​ឲ្យយ​ប់យន់​រំលង​ឆាប់។

  សង្ឃឹម​ថ្ងៃ​ស្អែក​បាន​ជួប​ទៀត         ជួបមិត្ត​ដែល​ឃ្លាត​ទី​ស្គាល់​ស្រាប់

ចំណាំ​ចចារ​វោហាស័ព្ទ                     សរសើរ​បង្អាប់​ចាប់ចិត្ត​ក្រៃ។

​21/02/2014

ស៊ីហ្សែត